លួចទៅរកសេវាផ្លូវភេទ ប៉ុន្តែចៃដន្យជួបភរិយាខ្លួនដែលលួចប្រកបរបររកស៊ីផ្លូវភេទ
នៅអ៊ីតាលី បុរសម្នាក់បានលបលួចស្វែងរកសេវាកម្មផ្លូវភេទ បន្ទាប់ពីបានសុំភរិយាទៅគេងផ្ទះមិត្តភក្តិ ប៉ុន្តែរឿងចៃដន្យបានកើតឡើង ដោយទីតាំងដែលគាត់បានទៅនោះ គឺជាកន្លែងដែលភរិយាតែងតែលបលួចប្រកបរបរពេស្យាចារ្យផងដែរ។
កាលពីថ្ងៃទី១៧ ខែមេសា លោក Giorgio អាយុ៤៩ឆ្នាំ ដែលរស់នៅក្នុងទីក្រុងរ៉ូម បានចាកចេញពីផ្ទះដោយប្រាប់ប្រពន្ធថា ត្រូវទៅជួបមិត្តភក្តិ។ យោងតាមការផ្សាយរបស់កាសែតអ៊ីតាលី II Giornale Italiano លោក Giorgio បានប្រាប់អ្នកស្រី Teresa អាយុ៣៧ឆ្នាំ ដែលជាភរិយាថា លោកគេងនៅផ្ទះមិត្តភក្តិមួយយប់។
តាមពិតទៅ រឿងរ៉ាវមិនអាចអូសបន្លាយវែងឆ្ងាយនោះឡើយ ប្រសិនបើលោក Giorgio សម្រេចចិត្តទៅផ្ទះភ្លាមៗ បន្ទាប់ពីជួបមិត្តភក្តិរួច ប៉ុន្តែជាទម្លាប់លោកតែងតែទៅរកនារីបម្រើសេវាកម្មផ្លូវភេទ។ សារព័ត៌មាន II Giornale Italiano បានលើកឡើងថា រាល់លើក លោក Giorgio ចូលចិត្តទៅម្តុំដែលស្ថិតនៅជាយក្រុងរ៉ូម ប៉ុន្តែលើកនេះ លោកបានសម្រេចចិត្តទៅរកនៅផ្លូវមួយផ្សេងទៀត។
ភ្ញាក់ផ្អើលបំផុត នៅពេលដែលលោកចតរថយន្តស្រាប់តែមានក្រុមនារី បានដើរសំដៅទៅរូបលោក ហើយក្នុងចំណោមនោះ មានស្ត្រីម្នាក់ដែលស្លៀកសំពត់ខ្លី និងស្ពាយកាបូបដ៏ស្រស់ស្អាត។ លោក Giorgio មើលឃើញភ្លាមៗថា នារីនោះ គឺនាង Teresa ដែលជាភរិយារបស់ខ្លួន។
គ្រាន់តែឃើញគ្នាភ្លាម អ្នកទាំងពីរចាប់ផ្តើមប្រវាយប្រតប់គ្នា និងប្រឹងយកឈ្នះរៀងៗខ្លួន ដោយមិនមានអ្នកណាហ៊ានធ្វើអន្តរាគមន៍នោះឡើយ។ ជម្លោះបានបន្តកាន់តែខ្លាំងឡើង រហូតដល់មានអន្តរាគមន៍ពីមន្ត្រីប៉ូលិសប្រចាំមូលដ្ឋាន។
លោក Giorgio បានរកឃើញភស្តុតាងថា Teresa ដែលជាភរិយារបស់ខ្លួន តែងតែលបលួចទៅប្រកបរបររកស៊ីផ្លូវភេទ នៅពេលដែលគាត់មិននៅផ្ទះ។ រឿងអាស្រូវនេះ បានភាយសុះសាយពេញទីក្រុងរ៉ូម ដោយអ្នកតាមដានបានផ្តល់ការសន្និដ្ឋានខុសៗគ្នា។
តើអ្នកគិតយ៉ាងម៉េចដែរ? នេះជាសំណួររបស់លោក Carlo និវត្តជនដែលមានអាយុ៧៣ឆ្នាំ។ លោកមើលឃើញថា៖ «កំហុសភាគច្រើន គេទម្លាក់ទៅលើនារី។ ប៉ុន្តែនៅពេលដែលស្វាមីយល់ថា ភរិយាក្បត់ខ្លួននោះ គាត់មិនរឹងមាំឡើយ»។
សម្រាប់ Lorenza អាយុ៣៦ឆ្នាំវិញ គាត់គិតថា អ្នកទាំងពីរសុទ្ធតែមានកំហុស។ «ពិតណាស់ ស្វាមីបានវាយភរិយាខ្លួននៅពេលដឹងថា ភរិយាផិតក្បត់ និងប្រកបរបរពេស្យាចារ្យ។ ប៉ុន្តែរឿងពិតដែលមិនអាចប្រកែកបានដែរនោះ គឺថា គាត់តែងតែផិតភរិយាទៅរកសេវាកម្មផ្លូវភេទ ដូច្នេះគាត់ក៏ជាមនុស្សកម្រិតទាបផងដែរ»៕